ទិន្នន័យមូលដ្ឋានឃុំ សង្កាត់ (CDB) ត្រូវបានរៀបចំឡើងដំបូងនៅក្នុងកម្មវិធីសិលា ក្រោមការជួយគាំទ្ររបស់គម្រោង UNDP/OPS/CARERE ដើម្បីប្រើប្រាស់ក្នុងកម្មវិធីតែប៉ុណ្ណោះ។
នៅឆ្នាំ២០០២ ក្រសួងផែនការបានពិភាក្សាជាមួយទីប្រឹក្សាបច្ចេកទេស បាន ប្រែក្លាយទិន្នន័យមូលដ្ឋានឃុំ សង្កាត់ (CDB) នេះ ឱ្យទៅជាប្រព័ន្ធព័ត៌មានជាតិមួយ ដើម្បីឱ្យស្របទៅតាមច្បាប់ និងលិខិតបទដ្ឋានស្តីពីការអនុវត្តវិមជ្ឈការនៅមូលដ្ឋាន និងដើម្បីគាំទ្រដល់ដំណើរការកសាងផែនការបែបវិមជ្ឈការនៅថ្នាក់ឃុំ សង្កាត់។
ឆ្នាំ២០០២-២០០៥ (CDB5) ជាអាណត្តិទី១នៃក្រុមប្រឹក្សាឃុំ សង្កាត់ ដោយយោងតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ បានតម្រូវឱ្យក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗរៀបចំកសាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគប្រចាំឆ្នាំដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
ដំណាក់កាលក្នុងអាណត្តិទី១នេះ គឺជាដំណាក់កាលអនុវត្តពេញលេញ ដោយបានអភិវឌ្ឍន៍CDBជាប្រព័ន្ធព័ត៌មានគ្របដណ្តប់គ្រប់ភូមិនិងឃុំ សង្កាត់ទូទាំងប្រទេស ដើម្បីគាំទ្រដល់ដំណើរការរៀបចំកសាងផែនការអភិវឌ្ឍន៍ខេត្ត៥ឆ្នាំ និងកម្មវិធីវិនិយោគប្រចាំឆ្នាំសម្រាប់ឃុំ សង្កាត់ ដែលជាមធ្យោបាយយ៉ាងសំខាន់របស់រដ្ឋបាលថ្នាក់ក្រោមជាតិដែលត្រូវប្រើប្រាស់សម្រាប់កំណត់អំពីបញ្ហានិងតម្រូវការជាអាទិភាពយ៉ាងពិតប្រាកដរបស់មូលដ្ឋាន និងយុទ្ធសាស្ត្រនានាដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ ឆ្លើយតបនឹងតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋយ៉ាងមានប្រសិទ្ធភាព។
ទិន្នន័យមូលដ្ឋានឃុំ សង្កាត់ (CDB5) បានដំណើរការប្រមូលទិន្នន័យ និងប្រើប្រាស់រយៈពេល៤ឆ្នាំ (២០០២-២០០៥) ក្នុងអាណតិទី១ នៃក្រុមប្រឹក្សាឃុំ សង្កាត់។
ទិន្នន័យ CDB5 ត្រូវបានកែសម្រួលទៅជាទិន្នន័យមូលដ្ឋានឃុំ សង្កាត់ ជំនាន់ទី៦ (CDB6) នៅឆ្នាំ២០០៦ ដោយបានរួមបញ្ចូលនូវទិន្នន័យមូលដ្ឋានថ្នាក់ភូមិ និងឃុំ សង្កាត់ជាច្រើនផ្នែក សម្រាប់ប្រើប្រាស់ក្នុងអណត្តិទី២ នៃក្រុមប្រឹក្សាឃុំសង្កាត់។
ទិន្នន័យ CDB6 ត្រូវបានកែសម្រួលទៅជាទិន្នន័យមូលដ្ឋានជំនាន់ទី៧ (CDB7) នៅឆ្នាំ២០១១ និងជំនាន់ទី៨ (CDB8) នៅឆ្នាំ២០១៩ ដោយបានរួមបញ្ចូលនូវទិន្នន័យមូលដ្ឋានថ្នាក់ភូមិនិងឃុំ សង្កាត់ជាច្រើនផ្នែក និងតាមរចនាសម្ព័ន្ធនៃពិន្ទុវិស័យសម្រាប់ប្រើប្រាស់ក្នុងអណត្តិទី៣ នៃក្រុមប្រឹក្សាឃុំ សង្កាត់ និងទិន្នន័យក្រុង ស្រុក ខណ្ឌ សម្រាប់ប្រើប្រាស់ក្នុងអាណត្តិទី១ និងទី២ នៃក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ រហូតមកដល់បច្ចុប្បន្ននេះ។
ឆ្នាំ២០២៥ មកដល់បច្ចុប្បន្ន ប្រព័ន្ធទិន្នន័យមូលដ្ឋានឃុំ សង្កាត់ បានផ្លាស់ប្តូរ មកនៅក្រោមការគ្រប់គ្រងរបស់វិទ្យាស្ថានជាតិស្ថិតិ និងត្រូវបានធ្វើទំនើបកម្មទៅជាប្រព័ន្ធទិន្នន័យមូលដ្ឋានឃុំ សង្កាត់ ថ្មី (CDB Online) ដែលទំនើបជាងមុនស្របតាមសម័យកាលឌីជីថល។ CDB ពីមុន បានប្រើប្រាស់កម្មវិធីជាច្រើន មានភាពស្មុគស្មាញ និងត្រូវ Copy ទិន្នន័យដាក់ USB រួចបញ្ជូនមកថ្នាក់ជាតិដើម្បីគណនាតាមរូបមន្តផ្សេងៗ បន្ទាប់មកត្រូវបញ្ជូនទៅថ្នាក់ក្រោមជាតិវិញ និងមិនមានការចែករំលែកទិន្នន័យទេ។ បច្ចុប្បន្ននេះ យើងបានធ្វើបច្ចុប្បន្នភាពទៅជា CDB Online ដែលអាចទាញយកទិន្នន័យបានភ្លាមៗនៅថ្នាក់ជាតិ និងងាយស្រួលក្នុងការចែករំលែកដល់អ្នកប្រើប្រាស់តាមតម្រូវការ។